ភ្នំពេញ៖ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន សរុប ៧៨រូប បានប្រកាសចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា។
ពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមកពីគណបក្សភ្លើងទៀន បានធ្វើឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា សមាជិកថ្មីទាំង៧៨រូបនេះ មាន ៥២រូប ជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង។ ដោយឡែក ២៦រូបទៀត ជាសកម្មជន នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
បន្ថែមលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិ ដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យរីកចម្រើនដល់សង្គមជាតិនោះឡើយ។
ក្នុងពិធីបញ្ចូលសមាជិកថ្មីមកពីគណបក្សភ្លើងទៀននោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះឡើយ និងមិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។
អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង ១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀត៕ អត្ថបទ៖ ឡាយោ