ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា បានហៅនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ថាជា «មនុស្សល្អ» ប៉ុន្តែបានរិះគន់លោកស្រីចំពោះការបរាជ័យមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ជាការកត់សម្គាល់ចុងក្រោយរបស់លោកនៅក្នុងជម្លោះផ្នែកការទូតដែលកំពុងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង។

លោកស្រី Meloni ធ្លាប់ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ប៉ុន្តែទំនាក់ទំនងនេះបានរង្គោះរង្គើកាលពីខែមុន នៅពេលដែលលោកTrump បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលី La7 ថា លោកស្រី បាន «សុំអង្វរ» លោកឱ្យថតរូបជាមួយលោកស្រីនៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង។

លោកស្រី បានច្រានចោលការអះអាងនេះ និងបានចោទប្រកាន់លោកថាបានប្រឌិតរឿងនេះ។ វាបានជំរុញឱ្យមានការស្តីបន្ទោសដោយត្រង់ៗពីប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានរិះគន់លោកស្រីចំពោះការបដិសេធមិនជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Trump បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយលោកស្រី Meloni «បានជួបភាពតានតឹងបន្តិច ព្រោះលោកស្រីបដិសេធមិនជួយយើង» ក្នុងជម្លោះនៅអ៊ីរ៉ង់។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសទួរគី ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលណាតូថា លោកស្រីបានបដិសេធមិនចូលរួម ដូច្នេះវាធ្វើឱ្យទំនាក់ទំនងរបស់ខ្ញុំជាមួយលោកស្រីអាប់អួរបន្តិច។ ប៉ុន្តែខ្ញុំនៅតែពេញចិត្តលោកស្រី លោកស្រីជាមនុស្សល្អ ។
កាលពីខែមីនា ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងទីក្រុង Sicily មុនពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដោយសារតែទីក្រុងវ៉ាស៊ីនតោន មិនបានស្វែងរកការអនុញ្ញាតជាមុនពីរដ្ឋាភិបាលទីក្រុងរ៉ូម។