បាល់ទាត់៖ ក្លិបបាល់ទាត់ Trabzonspor បានគ្រងជើងឯកលីគកំពូលទួរគី Turkish Super League ជាលើកដំបូងក្នុងរយៈពេល ៣៨ឆ្នាំក្រោយស្មើ ២-២ ទល់នឹង Antalyaspor កាលពីចុងសប្តាហ៍កន្លងទៅ។ អ្នកគាំទ្របានរត់ចូលក្នុងទីលានតែម្តងក្រោយចប់ការប្រកួត ជាអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំ ៣៨ឆ្នាំ។

មួយពិន្ទុពីការប្រកួតនេះធ្វើឱ្យ Trabzonspor ដាច់ក្រុមលេខ២ Fenerbahce ដល់ទៅ ៩ពិន្ទុនៅសល់ ៣ប្រកួតទៀតចប់រដូវកាលតែ Trabzonspor មានស្ថិតិមួយទល់មួយល្អជាងបើប្រៀបធៀបទល់នឹងក្រុមលេខ២ Fenerbahce។ នេះជាជើងឯកលីគទួរគីលើកទី៧ សំរាប់ Trabzonspor តែជាលើកដំបូងតាំងពីឈ្នះចុងក្រោយនៅរដូវកាល ១៩៨៣-៨៤។ គិតមកដល់ពេលនេះមានក្លិបតែ ៦ ទេដែលធ្លាប់ឈ្នះជើងឯកលីគកំពូលទួរគីរួមមាន Galatasaray ឈ្នះច្រើនជាងគេសរុប ២២លើក, Fenerbahce ១៩លើក, Besiktas ១៦លើក, Trabzonspor ៧លើក, Istanbul Basaksehir ១លើក និង Bursaspor ១លើក។ Besiktas គឺជាក្រុមជើងឯករដូវកាលមុនតែរដូវកាលនេះធ្លាក់ដល់លេខ ៩ ស្របពេលដែលក្រុមឈ្នះជើងឯកច្រើនជាងគេ Galatasaray នៅលេខ ១២ ឯណោះ៕
អត្ថបទ៖នាង សុភាវុធ