ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦២.៨៤% ខណៈប្រាក់ចំណូលទទួលបានពីការនាំចេញអង្ករសម្រេចបានជាង ៣៦៧ លានដុល្លារអាមេរិក កើនឡើង ២៩.៥២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦០ បាននាំចេញអងង្ករទៅកាន់គោលដៅចំនួន ៦៤ ជុំវិញពិភពលោក។ សហភាពអឺរ៉ុបគឺជាផ្សារចម្បងជាងសម្រាប់អង្ករកម្ពុជា ដោយ បណ្តាប្រទេសតំបន់អឺរ៉ុបចំនួន ៣២ បាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសទេសចិនគឺជាសំខាន់មួយសម្រាប់កម្ពុជា ដែលបាននាំចេញទៅចិន ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន ដែលមានទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេស ក្នុងបរិមាណចំនួន ២២៨ ៧៨០ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំង ទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បន្តថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ,ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% , អង្ករចំហុយ ១.៨២%, អង្ករសរីរាង្គចំនួន ១.២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥%, និងអង្ករផ្សេងៗចំនួន ០.២%។
ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣.១៧៦. ៥៦១ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ


