ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Ghalibaf បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសទាំង២ ដែលគេស្គាល់ថា ជាអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) បន្ទាប់ពីមានការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់។

នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ តាមរយៈការបង្ហោះមួយ លើវេទិកាបណ្ដាញសង្គម X លោក Ghalibaf បានសរសេររៀបរាប់ពីអ្វីដែលលោកពិពណ៌នាថា ជាការរំលោភរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំង «ការគំរាមកំហែងជាបន្តបន្ទាប់ពីការវាយប្រហារបន្ថែមទៀត» ការស្ដារឡើងវិញនូវទណ្ឌកម្មប្រេង ការវាយប្រហារ នៅភាគខាងត្បូងអ៊ីរ៉ង់ និងការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅលីបង់។
លោកបានសរសេរថា៖ «ការរំលោភយ៉ាងធ្ងន់ធ្ងរ លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយសហរដ្ឋអាមេរិក។ សម័យកាលនៃការសម្លុតកំហែង និងការដាក់សម្ពាធ បានចប់ហើយ។ ការធ្វើបែបនោះមិននាំឱ្យសម្រេចតាមគោលបំណងឡើយ។ យើងមិនព្រមចុះញ៉មជាដាច់ខាត»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីយោធាអាមេរិក បានឱ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់ហើយ ដោយបានវាយប្រហារគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់ទីក្រុងតេអេរ៉ង់លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕

