កាតា អេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងកាតានៅជិតច្រកសមុទ្រហ័រមូស ដោយកាតាបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរងរបស់អ៊ីរ៉ង់ប្រចាំទីក្រុងដូហាជុំវិញហេតុការណ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កាតាឲ្យអ៊ីរ៉ង់«ទទួលខុសត្រូវទាំងស្រុងតាមផ្លូវច្បាប់»ចំពោះការវាយប្រហារ និងការខូចខាត និងផលវិបាកណាមួយដែលកើតឡើង ដោយជំរុញឲ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការអនុវត្តបែបនេះទាំងអស់ជាបន្ទាន់។
នៅល្ងាចថ្ងៃអង្គារ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនបានប្រគល់កំណត់ទូតតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ប្រចាំទីក្រុងកាតា ដែលខ្លួនបានជំរុញឲ្យទីក្រុងតេអេរ៉ង់ផ្តល់ការបំភ្លឺជាបន្ទាន់ ចាត់វិធានការដើម្បីទប់ស្កាត់បញ្ហាដែលអាចបង្កឲ្យគ្រោះថ្នាក់ និងគោរពតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ។
ក្រសួងបានបញ្ជាក់ថា កាតារក្សាសិទ្ធិទាំងអស់របស់ខ្លួនក្នុងការចាត់វិធានការណាមួយដែលខ្លួនយល់ថា សមស្រប ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ និងសមត្ថភាពរបស់ខ្លួន៕
