ដោយដកស្រង់ទិន្នន័យក្រសួងសុខាភិបាលសាធារណៈ និងរបាយការណ៍លម្អិត កាសែតប្រចាំថ្ងៃលីបង់ Al-Akhbar បានចុះផ្សាយថា មនុស្ស៦៥នាក់ ត្រូវបានសម្លាប់ និង១៧០នាក់ផ្សេងទៀត រងរបួស ក្នុងអំឡុងពេល ១០ថ្ងៃដំបូងនៃបទឈប់បាញ់លីបង់-អ៊ីស្រាអែល ដោយមានការរំលោភបំពានរបស់អ៊ីស្រា អែលចន្លោះពី ១៨០ទៅ ២៣០ ករណី ត្រូវបានកត់ត្រា។

សារព័ត៌មាននេះ បានរាយការណ៍ថា ការរំលោភបំពានរបស់អ៊ីស្រាអែលរួមមានការវាយប្រហារតាមអាកាស ការបាញ់ផ្លោង ការលុកលុយដោយកងកម្លាំងជើងគោក និងការហោះហើរលើដែនអាកាសដោយយានដ្រូន និងសកម្មភាពផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ប្រភពសន្តិសុខលីបង់បានប្រាប់សារព័ត៌មានស៊ីនហួកាលពីថ្ងៃអង្គារថា អ្នកតាំងលំនៅឋានអ៊ីស្រាអែល បានឆ្លងចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់ ក្រោមការការពាររបស់យោធា ហើយកងទ័ព អ៊ីស្រាអែល បានប្រើយានដ្រូនដើម្បីលើកទង់ជាតិរបស់ខ្លួន នៅផ្នែកខាងកើតនៃតំបន់ខ្ពង់រាប Ali al-Taher។ ទីភ្នាក់ងារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋលីបង់ បានរាយការណ៍ថា កាំភ្លើងធំអ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ព្រំដែនជាច្រើន។
ក្រសួងសុខាភិបាលសាធារណៈលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ៤.៣២០ នាក់ ដោយមានអ្នករងរបួសចំនួន ១២.២០៣នាក់៕