មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកលីបង់ បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនាថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អំពីការបញ្ឈប់អរិភាព និងការជំរុញ ការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ខណៈដែលភ្នាក់ងារមនុស្សធម៌ បានព្រមានថា ស្ថានភាពជាក់ស្តែងនៅប្រទេសលីបង់ នៅតែមានសារៈសំខាន់ ទោះបីជាអរិភាពបានថយចុះក៏ដោយ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក Jean Arnault មន្ត្រីទទួលបន្ទុកការិយាល័យសម្របសម្រួលពិសេសរបស់UN សម្រាប់លីបង់ គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។

លោក Dujarric បានប្រាប់សារព័ត៌មាន Arab News ថា បេសកជនរូបនេះ កំពុងជំរុញឲ្យមានការគោរពពេញលេញចំពោះសេចក្តីសម្រេចលេខ ១៧០១នេះ ដើម្បីការបញ្ចប់អរិភាពរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល សម្រាប់គ្រប់ភាគីទាំងអស់គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ និងការ វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់តាមបណ្តោយខ្សែបន្ទាត់ពណ៌ខៀវនៅសងខាងនៃព្រំដែនលីបង់-អ៊ីស្រាអែល «ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅសងខាង»។
ដំណើរទស្សនកិច្ចនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ដែលលោក Arnault បានធ្វើឡើងនៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Dujarric បាននិយាយថា លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ahmad Al-Hajjar កាលពីថ្ងៃចន្ទ និងជួបជាមួយលោកឧត្តមសេនីយ៍ Rodolph Haykal អគ្គមេបញ្ជាការកងទ័ពលីបង់ ដោយមានការពិភាក្សាផ្តោតលើការវិវត្តថ្មីៗ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងស្ថិរភាពនៅក្នុងប្រទេសនេះ៕