ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lak បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថាសាធារណរដ្ឋកូរ៉េ បានប្រកាសថា ខ្លួននឹងបែងចែកជំនួយមនុស្សធម៌ចំនួន ១០០ លានដុល្លារដល់អ៊ុយ ក្រែន ក្នុងឱកាសដែលលោកប្រធានាធិបតី Lee Jae-myung ចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា ជាកន្លែងដែលលោកត្រូវបានអញ្ជើញជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ក្នុងចំណោមដៃគូទាំង៤ របស់ សម្ព័ន្ធយោធានេះ ដោយបញ្ជាក់ថា ទីក្រុងសេអ៊ូល បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា កញ្ចប់ថ្មីនេះ ត្រូវបានកំណត់ចំពោះគោលបំណងមនុស្សធម៌ ហើយនឹងមិនរាប់បញ្ចូលអាវុធទេ ដោយអះអាងជាថ្មីថា ជំហររបស់ទីក្រុងសេអ៊ូលលើការផ្គត់ផ្គង់តែសម្ភារៈ មិនបង្កគ្រោះថ្នាក់ដល់ជីវិត នៅតែមិនផ្លាស់ប្តូរ។ មន្ត្រីរូបនេះ បានកត់សម្គាល់ថា ការសម្រេចចិត្តចុងក្រោយអំពីរបៀបដែលមូលនិធិ នឹងត្រូវប្រើប្រាស់មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
ចាប់តាំងពីឆ្នាំ ២០២២ កូរ៉េខាងត្បូងបានផ្តល់ឲ្យអ៊ុយក្រែននូវសម្ភារៈយោធាមិនបង្កគ្រោះថ្នាក់ដល់ជីវិតដូចជាមួកសុវត្ថិភាព ប៉ុន្តែមិនបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវដោយផ្ទាល់នោះទេ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ កូរ៉េខាងត្បូងបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេទី ២ ដល់ប្រទេសណាតូនៅអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក៕
