រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ នៃអ្វីដែលខ្លួនបាននិយាយថា គឺជាការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol។ ក្រសួងបានរាយការណ៍ថា ជនស៊ីវិលច្រើនជាង ៨០នាក់រួមទាំងស្ត្រី និងកុមារត្រូវបានជម្លៀសចេញពីតំបន់រោងចក្រដែកនេះ ខណៈបទឈប់បាញ់ និងការឆ្លងកាត់ដោយសុវត្ថិភាពត្រូវបានរៀបចំឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងកងជីវពលនៃសាធារណរដ្ឋប្រជាមានិត Donetsk។

យោងតាមយោធារុស្ស៊ីបានឲ្យដឹងថា ប្រជាជនត្រូវបានគេនាំទៅកាន់ភូមិ Bezimenne ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ជាកន្លែងដែលពួកគេត្រូវបានផ្តល់កន្លែងស្នាក់នៅ អាហារ និងជំនួយផ្នែកវេជ្ជសាស្ត្រ។ ជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីរោងចក្រ Azovstal មានបំណងចាកចេញទៅកាន់តំបន់ដែលគ្រប់គ្រងដោយទីក្រុងគីវ ហើយត្រូវបានបញ្ជូនទៅឲ្យតំណាងអង្គការសហប្រជាជាតិ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។ មនុស្សរហូតដល់ ១០០,០០០នាក់ត្រូវបានគេជឿថានៅតែស្ថិតនៅក្នុងទីក្រុង Mariupol រួមទាំងជនស៊ីវិលរហូតដល់ ១,០០០នាក់ដែលបានលាក់ខ្លួនជាមួយនឹងអ្នកប្រយុទ្ធអ៊ុយក្រែនប្រមាណ ២,០០០នាក់នៅក្នុងរោងចក្រដែកសម័យសូវៀត។
មន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តការបាញ់ផ្លោងរបស់ពួកគេទៅលើរោងចក្រដែកក្នុងទីក្រុង Mariupol ហែកហួរដោយសង្គ្រាម ភ្លាមៗបន្ទាប់ពីការជម្លៀសប្រជាជនដោយផ្នែក។ មេបញ្ជាការឆ្មាំជាតិអ៊ុយក្រែននិយាយថា ការបាញ់ផ្លោងបានចាប់ផ្ដើមភ្លាមៗ ខណៈបុគ្គលិកសង្គ្រោះបានផ្អាកការជម្លៀសជនស៊ីវិលនៅរោងចក្រដែក Azovstal។ មេបញ្ជាការនិយាយថា យើងត្រូវការជុំមួយផ្សេងទៀតដើម្បីជម្លៀសជនស៊ីវិលចេញពីរោងចក្រដែក ខណៈកុមារតូចៗច្រើនស្ថិតនៅក្នុងលេណដ្ឋានក្នុងរោងចក្រឧស្សាហកម្មមួយនេះ៕
អត្ថបទ៖ ប៊ុនថន