នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ គឺ «ចប់ហើយ» ដោយបានបន្ថែមថា រូបលោកមិនចង់មានទំនងទំនងជាមួយទីក្រុងតេអេរ៉ង់ទៀតទេ។
កិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្ន ដែលមានការចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន មានបំណងផ្តល់រយៈពេល ៦០ថ្ងៃ សម្រាប់ដំណើរការចរចា ស្ដីពីកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ប៉ុន្តែការចរចាដោយប្រយោល នៅប្រទេសកាតា បានបញ្ចប់ដោយគ្មានសញ្ញាពីការមានវឌ្ឍនភាពឡើយ ហើយយោធាអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។
មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង Ankara ប្រទេសទួរគី លោក Trump បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាគឺចប់ហើយ។ ខ្ញុំមិនចង់ដោះស្រាយជាមួយពួកគេទៀតទេ»។ អំឡុងពេលនិយាយដោយមានអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte អង្គុយក្បែរនោះ លោកបានបន្ថែមថា៖ «ចំពោះខ្ញុំ វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ ក្នុងការដោះស្រាយជាមួយពួកគេ»។

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានដកហូតផងដែរនូវអាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេង បន្ទាប់ពីនាវាដឹកប្រេងចំនួន ៣គ្រឿង ត្រូវបានវាយប្រហារដោយមីស៊ីល នៅច្រកសមុទ្រ Hormuz។
ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារ «ដើម្បីផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែការកំណត់គោលដៅ និងការវាយប្រហារ លើនាវាពាណិជ្ជកម្មដែលមានក្រុមជនស៊ីវិលស្លូតត្រង់ធ្វើការនៅក្នុងផ្លូវទឹកអន្តរជាតិ»។
នៅព្រឹកថ្ងៃពុធនេះ ទាំងប្រទេសបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក និងកូវ៉ែត ដែលជាទីតាំងរបស់កងកម្លាំងកងទ័ពជើងគោកអាមេរិក បានបន្លឺសំឡេងប្រកាសអាសន្នពីការវាយប្រហារដោយមីស៊ីល។ ឆ្មាំការពារជាតិបានចេញសេចក្តីថ្លែងការណ៍ ដោយទទួលស្គាល់ការកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសទាំង២៕


