លោកស្រី Marine Le Pen មេដឹកនាំក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ថា លោកស្រីនៅតែឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២៧ បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចតម្កល់ទោស ក្នុងសំណុំរឿងកិបកេងប្រាក់របស់លោកស្រី ប៉ុន្តែបានបើកផ្លូវឱ្យលោកស្រីអាចឈរឈ្មោះដណ្ដើមតំណែងសាធារណៈ ដោយការហាមឃាត់រយៈពេលខ្លីជាងមុន។

លោកស្រី Le Pen បានលើកឡើងថា៖ «ល្ងាចនេះ ខ្ញុំគឺជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី»។ ការបញ្ជាក់នេះបានបញ្ចប់ភាពមិនប្រាកដប្រជាអំពីថា តើលោកស្រីនឹងឈរឈ្មោះប្រជែងតំណែងកំពូលរបស់ប្រទេសជាលើកទី៤ ដែរ ឬអត់ សម្រាប់ការបោះឆ្នោតដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏ល្អបំផុតរបស់គណបក្សលោកស្រី ក្នុងការឈ្នះតំណែងប្រធានាធិបតី។
គួរបញ្ជាក់ថា តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា បានគាំទ្រសាលក្រមប្រកាសទោស សម្រាប់បេក្ខជនប្រជែងតំណែងប្រធានាធិបតី ៣សម័យកាល មកពីគណបក្សប្រឆាំងអន្តោប្រវេសន៍ គឺ National Rally (RN) ពីបទក្លែងបន្លំការងារ នៅសភាអឺរ៉ុប ដែលបានប្រើប្រាស់មិនត្រឹមត្រូវនូវប្រាក់ជាង ២,៨លានអឺរ៉ូ (ជាង ៣លានដុល្លារ) ពីមូលនិធិសហភាពអឺរ៉ុប (EU)។
តុលាការបានហាមឃាត់លោកស្រីមិនឱ្យកាន់តំណែងរយៈពេល ១៥ខែ និងបានកាត់ទោសឱ្យលោកស្រីជាប់ឃុំក្នុងផ្ទះរយៈពេល ១ឆ្នាំ ដោយពាក់ខ្សែដៃអេឡិចត្រូនិក ដែលធ្វើឱ្យមានការសង្ស័យថា តើលោកស្រីនឹងអាចធ្វើយុទ្ធនាការដោយគ្មានឧបសគ្គដែរ ឬយ៉ាងណា។ ប៉ុន្តែអំឡុងការផ្សាយព័ត៌មានពេលល្ងាចរបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយចាស់វស្សាវ័យ ៥៧ឆ្នាំរូបនេះ បានប្រាប់ថា លោកស្រីនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់ប្រទេស ដែលនឹងផ្អាកសេចក្ដីសម្រេចនោះដោយស្វ័យប្រវត្តិ៕
