ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) បានអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការកាន់តែលឿនជាងមុន» នៅឯវេទិកាឧស្សាហកម្មការពារជាតិកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅប្រទេសទួរគី។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា នៅក្នុងសុន្ទរកថាគន្លឹះ លោក Lee បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ រវាងកូរ៉េខាងត្បូង និងអង្គការណាតូ។ លោកបានស្នើឱ្យពង្រីកការស្រាវជ្រាវរួមគ្នា រវាងកូរ៉េខាងត្បូង និងសម្ព័ន្ធភាពនេះ លើបច្ចេកវិទ្យាទំនើបៗ ដោយកសាងលើកម្មវិធីសហប្រតិបត្តិការគ្រាប់រំសេវ និងអវកាសដែលមានស្រាប់របស់ភាគីទាំង២។
នៅក្នុងវគ្គមួយដែលមានចំណងជើងថា «តម្លៃរួមគ្នា មូលដ្ឋានឧស្សាហកម្មរឹងមាំជាងមុន» លោក Lee បានលើកឡើងថា៖ «សមត្ថភាពសន្តិសុខរបស់ភាគីទាំង២ នឹងត្រូវបានពង្រឹងយ៉ាងខ្លាំង នៅពេលដែលចំណេះដឹងរាប់ទសវត្សរ៍របស់អង្គការណាតូ ត្រូវបានផ្សំជាមួយនឹងសមត្ថភាពផលិតដែលអាចទុកចិត្តបាន និងជំនាញបច្ចេកវិទ្យាដែលបានបង្ហាញឱ្យឃើញរបស់សាធារណរដ្ឋកូរ៉េ»។
ជាមួយគ្នានេះ លោក Lee ក៏បានស្នើឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីទៅជា «ភាពជាដៃគូឧស្សាហកម្មការពារជាតិកូរ៉េ-ណាតូ ២.០» ដោយផ្លាស់ប្តូរពីការផ្តោតបច្ចុប្បន្នលើការលក់អាវុធទៅជាការស្រាវជ្រាវរួមគ្នា ការផលិត និងប្រតិបត្តិការប្រព័ន្ធការពារជាតិ៕
