ក្រុមមន្រ្តីក្នុងស្រុកនិយាយថា នៅព្រឹកថ្ងៃពុធនេះ កងកម្លាំងរុស្ស៊ី បើកការវាប្រហារមីស៊ីលជាបន្តបន្ទាប់លើទីក្រុង Kharkiv របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស រួមទាំងក្មេងៗ ៣នាក់ផងដែរ ។
ទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែន ស្ថិតនៅចម្ងាយប្រហែល ៣០គ.មប៉ុណ្ណោះ ពីព្រំដែនរុស្ស៊ី ហើយតែងតែក្លាយជាគោលដៅវាយប្រហារញឹកញាប់របស់យានដ្រូន មីស៊ីល និងគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ី ពេញសង្រ្គាមមួយនេះ ដោយសារវាស្ថិតនៅជិតរុស្ស៊ី ។
អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា មីស៊ីល ១គ្រាប់បានវាយប្រហារត្រូវចំអគារផ្ទះល្វែងកម្ពស់ ៥ជាន់ នៅស្រុក Nemyshlianskyi ។
ដោយឡែក អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា កងកម្លាំងរុស្ស៊ី បើកការវាយប្រហារ ៣លើកលើស្រុកមួយនេះ ។
ក្រុមមន្រ្តីសង្រ្គោះបន្ទាន់ បានកំណត់អត្តសញ្ញាណមនុស្ស ២នាក់ដែលបានសម្លាប់នៅក្នុងការវាយប្រហារខាងលើថា ជាបុរសម្នាក់ និងស្រ្តីម្នាក់ ដោយពួកគេទាំង ២នាក់មានអាយុជាង ៦០ឆ្នាំ ។
យោងតាមការអះអាងរបស់លោក Viktor Zabashtha គឺជាប្រធានមន្ទីរសង្រ្គោះបន្ទាន់តំបន់ Kharkiv បានឲ្យដឹងថា ភាគច្រើននៃអ្នករងរបួស ត្រូវចំណាំងគ្រាប់ ហើយរថយន្តគិលានសង្រ្គោះ ១០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ៕

