វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថា ទួរគី និងប្រទេសផ្សេងទៀត អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់អ៊ុយក្រែន ពីការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអន្តរជាតិ ក្រោយទីក្រុងមូស្គូរាយការណ៍ពីការវាយប្រហារលើស្ថានីបង្ហូរឧស្ម័ន ។
នៅមុននេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារលើស្ថានីយបង្ហូរឧស្ម័ន Krasnodarskaya របស់ក្រុមហ៊ុន Gazprom ដែលជាកន្លែងផ្តល់សេវាកម្មនាំចេញឧស្ម័នទៅកាន់ប្រទេសទួរគី កាត់តាមបំពង់បង្ហូរឧស្ម័ន Blue Stream ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការវាយប្រហារបែបនេះ គ្រោះថ្នាក់ខ្លាំងណាស់ ហើយរុស្ស៊ីបានចាត់វិធានការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះការវាយប្រហារបែបនេះ ។

លោក Peskov បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរ ចំពោះការវាយប្រហារយានដ្រូនលើនាវាដឹកប្រេង Yasa Polaris របស់ក្រុមហ៊ុន Chevron ដែលត្រូវបានប្រើប្រាស់សម្រាប់បំពង់បង្ហូរប្រេង Caspian Pipeline Consortium ស្ថិតនៅជិតតំបន់ឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី ៕
