ប្រភពមួយដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេ រិក លោក Pete Hegseth នឹងពិភាក្សាអំពីលទ្ធភាពលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសទួរគី នៅថ្ងៃពុធនេះ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាការលក់ដែលទំនងជាធ្វើឲ្យមន្ត្រីអ៊ីស្រាអែលខឹងសម្បា។

ប្រភពដដែល ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហានេះ បានបញ្ជាក់ថា លោក Hegseth ក៏ត្រូវបានគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ហើយថា អ៊ីរ៉ង់នឹងចូលរួមក្នុងការពិភាក្សារបស់ពួកគេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកប្រឆាំងនឹងការលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសទួរគី ហើយថា លោកបានបញ្ជាក់យ៉ាងច្បាស់អំពីការប្រឆាំងរបស់លោកទៅកាន់លោក ត្រាំ។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់CNN ថា៖«វានឹងបំផ្លាញតុល្យភាពអំណាចនៅមជ្ឈិមបូព៌ា ពីព្រោះប្រទេសទួរគី មានមហិច្ឆតាឈ្លានពាន»។ ប្រទេសទួរគីយ៉េ ដែលជាសមាជិកអង្គការណាតូ បានរិះគន់ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា លីបង់ និងស៊ីរីជាយូរមកហើយ ហើយប្រទេសនេះបានចោទប្រកាន់អ៊ីស្រាអែលម្តងហើយម្តងទៀតថា កំពុងព្យាយាមបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅប្រទេសទួរគី បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលុបចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើទីក្រុងអង់ការ៉ា ជុំវិញការទិញមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៩ ហើយលោកបានបង្ហាញឆន្ទៈក្នុងការលក់យន្តហោះចម្បាំង F-35 ដែលជាសម្ព័ន្ធមិត្តណាតូ ហើយជាការសម្រេចចិត្តមួយដែលទំនងជាប្រឈមមុខនឹងការបដិសេធយ៉ាងដាច់អហង្ការនៅក្នុងសភា ក៏ដូចជានៅអ៊ីស្រាអែលដែរ៕

