ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ គិតត្រឹមយប់ថ្ងៃទី១ ខែឧសភាម្សិលម៉ិញនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី ឬដូសជំរុញ បានចំនួន១០២% និងដូសទី៤ បានចំនួន៧២,៥០%។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ក្រៅពីការផ្តល់សេវាចាក់វ៉ាក់សាំងដូសជំរុញហើយនោះ ក្រុមការងារគ្រូពេទ្យនៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ កំពុងចុះចាក់វ៉ាក់សាំងតាមទីប្រជុំនានា ដូចជាសាលារៀន ទីផ្សារ តំបន់រោងចក្រ ចាប់ពីដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ក្នុងបំណង ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងការពារសុខុមាលជូនបងប្អូនប្រជាពលរដ្ឋឲ្យជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
កុមារ យុវវ័យ និងប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់បន្តមកចាក់វ៉ាក់សាំងនេះ គឺមកតាមការកំណត់របស់ក្រសួងសុខាភិបាល ព្រោះថាជំងឺកូវីដ១៩ នៅបន្តឆ្លងរីករាលដាលដោយមិនអាចមើលឃើញបាននោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានក្រើនជំរុញកុមារ យុវវ័យ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៥ឆ្នាំឡើង អាចទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬបានព្យាបាលជាះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី៣ខែឡើង ដើម្បីពង្រឹង និងបង្កើនប្រព័ន្ធភាពស៊ាំបុគ្គល និងសហគមន៍ឲ្យបានទាន់ពេលវេលា ដែលអាចឲ្យរំដោះខ្លួនចេញផុតពីការយាយីធ្ងន់ធ្ងរ នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង៕អត្ថបទ៖ រដ្ឋា