រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានថ្កោលទោសការដាក់ទណ្ឌកម្មដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក លើប្រទេសកុម្មុយនីស្ត ក្នុងអំឡុងពេលនៃការជជែកពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) ដែលបានកើតឡើងទោះបីជាមានសម្ពាធការទូតពីទីក្រុងវ៉ាស៊ីនតោន ដើម្បីរារាំងដំណើរការដេញដោលនេះក៏ដោយ។

លោក Rodriguez បានប្រាប់ស្ថាប័ននេះថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមពហុវិមាត្រ និងមិនមែនធម្មតា ប្រឆាំងនឹងប្រទេសគុយបា ដែលបានអូសបន្លាយអស់រយៈពេលជិត ៧ទសវត្សរ៍មកហើយ ហើយកាន់តែឃោរឃៅ និងគ្មានក្ដីមេត្តាខ្លាំងឡើងៗ ក្នុងរយៈពេល ៧ខែចុងក្រោយនេះ ដោយលោកបានរិះគន់ធ្ងន់ៗ ដល់ «ការដាក់ទណ្ឌកម្មរួម» ដែលនប៉ះពាល់ដល់ប្រជាជនទាំងអស់របស់កោះនេះ។
លោកបានបន្ថែមថា៖ «ការយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ក៏ជាការទទួលខុសត្រូវផងដែររបស់អង្គការសហប្រជាជាតិ (UN)»។
រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ការខូចខាតដែលបង្កឡើងដោយទណ្ឌកម្មនេះ អំឡុងខែមីនា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ មានកម្រិតខ្ពស់បំផុត ៨ពាន់លានដុល្លារ ដែលជាការកើនឡើង ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ដោយបានកត់សម្គាល់ថា តួលេខទាំងនេះមិនរាប់បញ្ចូល «ផលប៉ះពាល់ខ្លាំង» ដោយសារការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដែលសហរដ្ឋអាមេរិកបានដាក់លើគុយបា កាលពីខែកុម្ភៈឡើយ។
ប្លុកតំបន់ភាគច្រើន រួមទាំងប្រទេសនៅតំបន់អាហ្វ្រិក និងតំបន់ការរ៉ាអ៊ីពផងដែរ បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះគុយបា កាលពីថ្ងៃទី៧ ខែកក្កដា និងបានថ្កោលទោសការបិទខ្ទប់ផ្លូវរបស់សហរដ្ឋអាមេរិក។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ មក មហាសន្និបាតនេះបានអនុម័តដោយសំឡេងភាគច្រើនលើសលប់នូវសេចក្តីសម្រេចមិនមានចំណងផ្លូវច្បាប់ ដែលអំពាវនាវឱ្យមានការដកការបិទខ្ទប់ដោយសហរដ្ឋអាមេរិក លើប្រទេសគុយបា៕
