ក្រុមព្យាករឧតុនិយមកោះតៃវ៉ាន់ និយាយថា នៅថ្ងៃពុធនេះ ប្រជាកសិករ នាំគ្នាប្រញាប់ប្រញាល់ការពារដំណាំពីការខូចខាតធ្ងន់ធ្ងរ ខណៈអ្នកស្រុកនាំគ្នាស្តុកបន្លែ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត មុនផលប៉ះពាល់ដ៏មានសក្តានុពលបង្កឡើងដោយសារមហាព្យុះទីហ្វុង Bavi ដែលបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកាន់កោះតៃវ៉ាន់ ។
នៅទីក្រុង Taitung អ្នកស្រី Tu Hua-chin វ័យ ៤៥ឆ្នាំ គឺជាអ្នកដាំដើមស្រកានាគ កំពុងព្យាយាមការពារផ្លែឈើរបស់គាត់ ។
អ្នកស្រី Tu និយាយថា ក្រុមកសិករ កំពុងព្យាយាមបញ្ចប់ការងាររបស់ពួកគេឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន មុនពេលព្យុះធ្វើដំណើរមកដល់ បើទោះបីជាការខូចខាតចៀសពុំផុតក៏ដោយ ។
អ្នកស្រីបន្តថា ព្យុះទីហ្វុងតែងតែធ្វើឲ្យបាក់បែកឈើ ធ្វើឲ្យផ្លៃជ្រុះពីដើម ហើយនិងធ្វើឲ្យបាក់ពន្លកផ្កា ហើយព្យុះកាលពីឆ្នាំ បណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរខ្លាំងណាស់ ។
នៅឯផ្សារមួយកន្លែងក្នុងទីក្រុងតៃប៉ិ លោកយាយ Sandy Huangវ័យ ៧០ឆ្នាំ គឺជាអ្នកដើរផ្សារមួយរូបនិយាយថា គាត់ទិញបន្លែស្តុកទុក ឲ្យបានមុន ២ថ្ងៃ ដោយសារផ្សារនឹងត្រូវបិទទ្វារនៅថ្ងៃនេះ ហើយព្យុះទីហ្វុង Bavi ត្រូវបានព្យាករថានឹងបោកបក់ដល់ដីគោកនៅថ្ងៃសុក្រខាងមុខនេះ ផងដែរ ។
រដ្ឋបាលអាកាសធាតុកណ្តាលកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃពុធនេះថា ការព្រមានពីសមុទ្រនឹងត្រូវចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយការប្រកាសអាសន្នលើដីគោក នឹងធ្វើឡើងនៅចន្លោះយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ពេលដែលមហាព្យុះដ៏ខ្លាំងក្លាមួយនេះ ធ្វើដំណើរជិតមកដល់ ៕