ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបន្ទោសអ៊ីរ៉ង់ ចំពោះការបង្កើនភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាបង្កអរិភាពទៅវិញទៅមកដែលបានជំរុញឱ្យប្រធានាធិបតី លោក Donald Trump ប្រកាសថា បទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ គឺ «ចប់ហើយ»។
រដ្ឋមន្ត្រីការបរទេស Johann Wadephul បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Phoenix ថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz «មិនអាចទទួលយកបាន» ឡើយ ហើយសកម្មភាពរបស់ទីក្រុងតេអេរ៉ង់ បានជំរុញឱ្យមានការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក។
លោក Wadephul បាននិយាយថា៖ «នាវាដែលត្រូវបានកំណត់គោលដៅ កំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ជាពិសេសឆ្លងកាត់តំបន់ដែលគ្មានគ្រាប់មីន នៅពេលដែលនាវាទាំងនោះត្រូវបានវាយប្រហារដោយអ៊ីរ៉ង់»។ លោកបានបន្ថែមថា «វាចាំបាច់ត្រូវសម្រេចឱ្យបានច្បាស់លាស់ចុងក្រោយ និងអចិន្ត្រៃយ៍ថា នេះគឺជាផ្លូវដឹកជញ្ជូនអន្តរជាតិ។ អ៊ីរ៉ង់មិនត្រូវដាក់មីន វាយប្រហារនាវា ឬយកថ្លៃឆ្លងកាត់ ឬពន្ធគយអ្វីឡើយ។ អ៊ីរ៉ង់ត្រូវយល់ទាំងស្រុងនូវចំណុចនេះ»។
ជាមួយគ្នានេះ លោក Wadephul បានលើកឡើងជាថ្មីនូវការអំពាវនាវរបស់អាល្លឺម៉ង់ ដើម្បីឱ្យមានដំណោះស្រាយការទូត ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនជាមុនសិន៕