នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen និយាយនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី នាថ្ងៃពុធនេះថា ប្រទេសរបស់លោកស្រី ត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្តយោធាណាតូ រួមទាំងរាជាណាចក្រដាណឺម៉ាកផងដែរ ។
លោកស្រីថ្លែងបែបនេះ រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ជាក់ឡើងវិញថា កោះ Greenland គួរគ្រប់គ្រងដោយសហរដ្ឋអាមេរិក ។
ការពោលអះអាងរបស់លោក Trumpថា សហរដ្ឋអាមេរិកត្រូវការ ឬគ្រប់គ្រងកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកនោះ បានធ្វើឲ្យកើតមានទំនាក់ទំនងជាប់គាំងជាយូរមកហើយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen ដែលប្រទេសទាំងនេះ គឺជាសមាជិកស្ថាបនិករបស់អង្គការណាតូ ។
លោកស្រី Frederiksen និយាយថា ពួកយើងបានត្រៀមខ្លួនរួចរាល់ ក្នុងការការពាររាល់មីលីម៉ែត្ររបស់ដែនដីណាតូ រួមទាំងទឹកដីផ្ទាល់ខ្លួនផងដែរ ។ លោកស្រីបានបញ្ជាក់ឡើងវិញផងដែរថា កោះ Greenland មិនមែនសម្រាប់លក់នោះទេ ៕