ប្រភពមួយដែលដឹងពីកិច្ចពិភាក្សា បានប្រាប់សារព័ត៌មាន Reuters ថា លោកប្រធានាធិបតី Donald Trump បាននិយាយទៅកាន់សម្ព័ន្ធមិត្តណាតូថា លោកចង់បន្តរក្សាវត្តមានសហរដ្ឋអាមេរិក នៅក្នុងសម្ព័ន្ធភាពយោធានេះ នៅឯកិច្ចប្រជុំមេដឹកនាំរបស់អង្គការនេះ ក្នុងទីក្រុង Ankara ប្រទេសទួរគី នាថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) នេះ។
ប្រភពនេះ ដោយស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលបិទទ្វារនោះ លោក Trump ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តលក់អាវុធទៅឱ្យសម្ព័ន្ធមិត្ត មិនថា អាវុធទាំងនោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចនោះទេ។
ប្រភពបានដកស្រង់សម្តីរបស់លោក Trump ដែលបានប្រាប់មេដឹកនាំណាតូថា៖ «យើងចង់នៅជាមួយអ្នក»។ សេតវិមានមិនបានធ្វើអត្ថាធិប្បាយភ្លាមៗឡើយ ជុំវិញការកត់សម្គាល់របស់លោក Trump នៅក្នុងកិច្ចប្រជុំនោះ។
ជាមួយគ្នានេះ ប្រភពបានបញ្ជាក់ថា លោក Trump មិនបាននិយាយជាថ្មីម្តងទៀតនោះទេ អំពីការរិះគន់របស់លោក ចំពោះសម្ព័ន្ធមិត្តក្នុងអង្គការណាតូ គឺអេស្ប៉ាញ ឬការប្រកាសរបស់លោក អំពីការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នជាមួយអ៊ីរ៉ង់ អំឡុងកិច្ចប្រជុំនោះ។ ហើយប្រភពនេះបានបន្ថែមថា លោកក៏មិនបាននិយាយអំពីបញ្ហាកោះ Greenland ជាករណីដែលបាននាំឱ្យមានភាពរកាំរកូសនៅក្នុងប្លុកនេះដែរ៕