នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ បានជំរុញឲ្យបិទច្រកសមុទ្រ Hormuz ទាំងស្រុង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ចប់ជុំថ្មីនៃការវាយប្រហារលើអ៊ីរ៉ង់ ដោយពួកគេបានវាយប្រហារគោលដៅជាង ៨០កន្លែង អំឡុងការការវាយប្រហារចុងក្រោយនេះ ។
ពួកគេបន្តថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារបែបនេះ ដើម្បីធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារ លើនាវាពាណិជ្ជកម្មដែលមានក្រុមជនស៊ីវិលស្លូតត្រង់ធ្វើការនៅក្នុងផ្លូវទឹកអន្តរជាតិ ។
ជាមួយគ្នានឹងការបើករលកថ្មីនៃការវាយប្រហារលើអ៊ីរ៉ង់ ទីក្រុងវ៉ាស៊ីនតោន បានដកហូតអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រទេសមួយនេះលក់ប្រេងផងដែរ បន្ទាប់ពីនាវាដឹកប្រេង ៣គ្រឿង រងការវាយប្រហារដោយកាំជ្រួចផ្លោងនៅច្រកសមុទ្រ Hormuz ។
លោក Maryam Ghassemi គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អាមេរិកលើតំបន់ភាគខាងត្បូងអ៊ីរ៉ង់ ពួកយើងគួរតែបិទច្រកសមុទ្រ Hormuz ទាំងស្រុង ។
លោកបន្តថា បើទោះបីជាកងទ័ពជើងទឹកអាមេរិកបិទច្រកពួកយើង បើទោះបីជាពួកគេឡោមព័ទ្ធពួកយើងក៏ដោយ ច្រកសមុទ្រមួយនេះ គួរតែបិទទាំងស្រុងតែម្តង ។
នៅព្រឹកថ្ងៃពុធនេះដែរ ប្រទេសបារ៉ែន ដែលជាទីតាំងរបស់កងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក និងកូវ៉ែត ដែលជាទីតាំងរបស់កងកម្លាំងកងទ័ពជើងគោកអាមេរិក បានរោទិ៍សំឡេងប្រកាសអាសន្នពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ៕