សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង

2026/07/09 08:00:44 am        132

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះមកមូលដ្ឋានមកដល់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពង្រឹងការបំពេញការងារក្នុងដែនភារកិច្ចរបស់ខ្លួន បម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ ។

ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រមាណជាង៦០០នាក់ នៅទីរួមខេត្តស្ទឹងត្រែង។

ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពី ដែលមានបណ្តោយព្រំដែនប្រមាណ ២៥៥ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ០២៩ ដល់បង្គោលព្រំដែនលេខ០៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្ត មណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ សណ្ឋានដីជា តំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅជ្រុងទិសឦសាន។ ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះ។ ខេត្ត មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០% ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥% ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ប្រជាជនមានមុខរបរកសិកម្ម ជាង៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។

ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្តោយ ព្រំដែនប្រមាណ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្គាវ៉ាត់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រកទ្វារ អន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនិងឯកឧត្តម ថងលូន ស៊ីស៊ូលីត។

យោងតាមរបាយការណ៍របស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែងបានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើន ក្នុងសម្រាប់វិស័យកសិកម្ម ខេត្តបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។

ចំពោះការជំរុញបន្ថែមលើការវិនិយោគ ខេត្តស្ទឹងត្រែងបានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះ អនុស្សរណៈនៃការយោគយល់ គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មាន ទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀត។

ការគ្រប់គ្រងនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ ក្នុងដែនសមត្ថកិច្ចខេត្ត ត្រូវបានថែរក្សាការពារកាន់តែមានភាពរឹងមាំ គួបផ្សំនឹងការជំរុញអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់ សង្គម មានការថយចុះ ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ យកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តវិធានការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កើន ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ និងចុះជាប់មូលដ្ឋាននៅកៀកជាមួយប្រជាជន។

ខេត្តស្ទឹងត្រែង បានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បាន សហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។ ក្នុងខែកក្កដានេះ ខេត្ត ស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ។

ខេត្តស្ទឹងត្រែង បានកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ នៅទីប្រជុំជននិងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និងការស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់កុមារនិងមនុស្សពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតីនិងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យមង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរជើងមាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លងក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព- បន្ទប់រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជនរង្វង់មូលព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុងជាច្រើនខ្សែក្នុងទីរួមខេត្ត និងមូលដ្ឋាន។

សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តស្ទឹងត្រែងនេះ ជាជំនួបទី១៩ និងជាខេត្តទី២២ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕

 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង
2026/07/09 08:00:44 am        1
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
2026/07/08 04:38:05 pm        1
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ
2026/07/08 04:31:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការ បង្ហាញក្រុមត្រូវប្រជែងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី២០ ខណៈមានសមាជិកថ្មី ២ក្រុម

2026/07/09 10:08:21 am
​លោក Trump និយាយថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot
2026/07/09 10:02:29 am
​អ៊ីរ៉ង់រៀបចំបញ្ចុះសពលោក Khamenei នៅស្រុកកំណើតខណៈអាមេរិកបង្កើនការវាយប្រហារ
2026/07/09 09:18:08 am
​តម្លៃប្រេងកើនឡើងជាង១ដុល្លារក្នុងមួយបារ៉ែល ខណៈអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់
2026/07/09 09:07:28 am
​លោក Trump បន្ធូរបន្ថយកំហឹងជាមួយសម្ព័ន្ធមិត្ត និងបិទបញ្ចប់កិច្ចប្រជុំកំពូល NATO ដែលទទួលបានជោគជ័យយ៉ាងខ្លាំង
2026/07/09 08:59:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/08 03:02:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am