ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃពុធ ៨ កក្កដា សប្ដាហ៍នេះ ថា ការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់នឹងរឹតតែខ្លាំងក្លាថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់បន្តវាយប្រហារនាវានៅក្នុងច្រកសមុទ្រ Hormuz។

ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងរូបភាពមួយនៃការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ថា នេះគឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកលើនាវាកាលពីម្សិលមិញដោយអ៊ីរ៉ង់។ ប្រសិនបើវាកើតឡើងម្តងទៀត ការទម្លាក់គ្រាប់បែករបស់អាមេរិកនឹងរឹតតែខ្លាំងក្លាថែមទៀត ។
យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងគោលបំណងរក្សាច្រកសមុទ្រ Hormuz ដ៏សំខាន់ឱ្យបើកចំហសម្រាប់ចរាចរណ៍ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានប្រកាសថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់គឺ «ចប់ហើយ»។

ការវាយប្រហារជុំចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិកបាននិយាយថា ត្រូវបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃអង្គារលើនាវាដឹកទំនិញចំនួនបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រនោះ បានធ្វើឱ្យទីក្រុងជាច្រើនតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់កក្រើក និងបានបណ្ដាលឱ្យតំបន់មួយចំនួនគ្មានអគ្គិសនី។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាទីបញ្ជាការមជ្ឈិមបូព៌ារបស់យោធាសហរដ្ឋអាមេរិក បានសរសេរនៅលើបណ្ដាញសង្គម Xថា កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបន្ថយសមត្ថភាពរបស់ពួកគេក្នុងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។
ខណៈអ៊ីរ៉ង់មិនបានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារលើនានា ក្រុមអ្នកវិភាគនិយាយថា ទីក្រុងតេអេរ៉ង់ប្រើប្រាស់សកម្មភាពបែបនេះដើម្បីទទួលបានឥទ្ធិពលក្នុងការចរចា៕

