តម្លៃប្រេងបានកើនឡើងវិញជាង១ដុល្លារក្នុងមួយបារ៉ែលក្នុងពាណិជ្ជកិម្មក្រោយការទូទាត់កាលពីថ្ងៃពុធ បន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមបើកការវាយប្រហារថ្មីទៅលើប្រទេសអ៊ីរ៉ង់។

សន្ទស្សន៍ប្រេងឆៅទាំងពីរប្រភេទបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ភ្លាមៗកាលពីយប់ថ្ងៃពុធ។ លោក Trump និយាយថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ «ចប់ហើយ» ប៉ុន្តែក្រោយមកបានច្រានចោលសង្គ្រាមពេញបន្ទុក។

ប្រេងឆៅ Brent បានជួញដូរចុងក្រោយក្នុងតម្លៃ៧៩,២៨ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើងពីតម្លៃ៧៨,០២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានឡើងដល់៧៤,៧៦ដុល្លារក្នុងមួយបារ៉ែលកើនឡើងពីតម្លៃ៧៣,៥២ដុល្លារក្នុងមួយបារ៉ែល។
បញ្ជាការដ្ឋានកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងបើកការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ក្នុងបំណងរក្សាច្រកសមុទ្រ Hormuz ឱ្យនៅបើកទូលាយសម្រាប់ការធ្វើចរាចរណ៍។
ការវាយប្រហារចុងក្រោយ បានកើតឡើងបន្ទាប់ពីភាពតានតឹងផ្ទុះឡើងបង្កឡើងដោយការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានៅច្រកសមុទ្រ Hormuz ដែលក្រោយមកសហរដ្ឋអាមេរិកបានលុបចោលការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់នៅក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងភាគីទាំងពីរកាលពីខែមុន។ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន និងកូវ៉ែត ដែលបង្កឱ្យមានការវាយប្រហារសងសឹកពីសហរដ្ឋអាមេរិក។