ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅអាម៉េរិក បានសម្ដែងការស្វាគមន៍ និងគាំទ្រដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅលើទឹកដីអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅសប្ដាហ៍ក្រោយ។
តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នៅថ្ងៃទី១០ខែឧសភានេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា នេះ។
ក្រោយពេលទទួលបានដំណឹងថា សម្តេចតេជោ នឹងអញ្ជើញទៅកាន់ទឹកដីអាម៉េរិក ពលរដ្ឋខ្មែរជាច្រើន រស់នៅតាមបណ្តារដ្ឋផ្សេងៗ ក្នុងសហរដ្ឋអាម៉េរិក កាលពីម្សិលមិញ បានបង្ហាញការស្វាគមន៍ និងបានត្រៀមខ្លួនរួចជាស្រេចទទួលដំណើរសម្តេចតេជោ និងគណៈប្រតិភូ ពេលទៅដល់សហរដ្ឋអាម៉េរិក។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២០ ខែមេសាខែមុននេះ បានផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក។
នៅក្នុងលិខិតនោះ លោកបៃឌិន បានបញ្ជាក់ថា ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ ក៏នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួម សម្រាប់សករាជថ្មី នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។
លោកទន្ទឹងរង់ចាំជួបសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន៕ អត្ថបទ៖ ទូច សោភ័ណ