យោធារបស់ប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធ ទី៨ ខែកក្កដា ថា ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធចំនួនបីលើកនៅក្នុងខេត្ត Balochistan ភាគនិរតីប្រទេស បានសម្លាប់ជនស៊ីវិល និងបុគ្គលិកសន្តិសុខចំនួន៤២នាក់ក្នុងរយៈពេលបួនថ្ងៃ។

អ្នកនាំពាក្យយោធា លោក Ahmed Sharif Chaudhry បាននិយាយថា អ្នកស្លាប់រួមមានជនស៊ីវិល នគរបាល និងទាហាន។
លោកបាននិយាយថា ក្រុមសកម្មប្រយុទ្ធចំនួន៥៤នាក់ក៏ត្រូវបានសម្លាប់ ហើយប្រតិបត្តិការយោធាបន្ថែមទៀតកំពុងធ្វើឡើង។

លោក Chaudhry បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍រដ្ឋថា «យើងនឹងតាមប្រមាញ់អ្នកប្រព្រឹត្តនៅគ្រប់ទីកន្លែង»។ លោកបានចោទប្រកាន់សត្រូវប្រទេសឥណ្ឌាថា បានគាំទ្រក្រុមសកម្មប្រយុទ្ធ។
ទីក្រុងញូវឌែលី កាលពីពេលមុនបានច្រានចោលការចោទប្រកាន់បែបនេះពីទីក្រុងអ៊ីស្លាម៉ាបាដ។ ប្រទេសប៉ាគីស្ថាន បានប្រយុទ្ធប្រឆាំងការបះបោរផ្តាច់ខ្លួនរយៈពេលជាច្រើនឆ្នាំនៅក្នុងខេត្ត Balochistan ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនកំណត់គោលដៅលើកងកម្លាំងរដ្ឋ ការវិនិយោគបរទេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តដែលសម្បូរទៅដោយរ៉ែដែលមានព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។