ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់ដៃគូអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់លោកនៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសទួរគីកាលពីថ្ងៃពុធ ទី៨ ខែកក្កដា ដោយនិយាយថា លោកមិនសប្បាយចិត្តជាមួយសម្ព័ន្ធមិត្តសម្រាប់ការពន្យាពេលកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការគ្រប់គ្រងដែនដី Greenland និងមិនគាំទ្រសង្គ្រាមរបស់លោកនៅអ៊ីរ៉ង់។

សមាជិកអឺរ៉ុបរបស់ NATO បូករួមទាំងប្រទេសកាណាដា បានប្រញាប់ប្រញាល់ដើម្បីបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិដែលលោក Trump បានទាមទារ ខណៈសហរដ្ឋអាមេរិកកាត់បន្ថយចំនួនកងទ័ពដែលខ្លួនមាននៅអឺរ៉ុប និងទទូចថាទ្វីបនេះត្រូវទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខរបស់ខ្លួន។

ប៉ុន្តែលោក Trump បានបើករបួសចាស់ឡើងវិញនៅពេលដែលលោកបានទៅដល់កិច្ចប្រជុំរបស់មេដឹកនាំ NATO ចំនួន៣២រូប ដោយទទូចជាថ្មីម្តងទៀតថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងដែនដី Greenland ជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។ លោកបានរិះគន់ប្រទេសអឺរ៉ុបមួយចំនួន ចំពោះការបដិសេធមិនចូលរួមក្នុងយុទ្ធនាការនៅអ៊ីរ៉ង់។
មុនពេលកិច្ចប្រជុំកំពូល លោក Trump បាននិយាយថា ដែនដី Greenland «មានសារៈសំខាន់ខ្លាំង» សម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែពុំមែនសម្រាប់ប្រទេសដាណឺម៉ាកទេដោយប្រកាសថា «យើងត្រូវការវាសម្រាប់ការការពារពិភពលោក មិនមែនត្រឹមតែសហរដ្ឋអាមេរិកទេ»។ ប៉ុន្តែនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា ប្រទេសរបស់លោកស្រី ត្រៀមជាស្រេចដើម្បីការពារគ្រប់អ៊ីញរបស់NATO រួមទាំងទឹកដីរបស់យើងផងដែរ» ក្នុងករណីមានការវាយប្រហារ ហើយនឹងពឹងផ្អែកលើសម្ព័ន្ធមិត្ត NATO ដែលគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារគ្នាទៅវិញទៅមក។