គណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការជូនដំណឹងដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលបានចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ លើកទី១៤ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងមក អាចមកទទួលមេដាយអនុស្សាវរីយ៍បានហើយ ក្រោយខកខានទទួលកំឡុងពេលព្រឹត្តិការណ៍ ដោយសារការយឺតយ៉ាវ និងបញ្ហាដឹកជញ្ជូន ដែលពន្យាពេលខុសពីការគ្រោងទុក ធ្វើឲ្យមានការរអាក់រអួលមិនអាចផ្តល់ជូនទាឲ្យន់ពេលវេលា។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី៨ ខែកក្កដានេះ បានបញ្ជាក់ថា មេដាយអនុស្សាវរីយ៍ បានមកដល់រាជធានីភ្នំពេញហើយ ។ ហេតុនេះ កីឡាករ-កីឡាការិនី អាចមកទទួលយកមេដាយអនុស្សាវរីយ៍បាន តាមកាលបរិច្ឆេទ ដូចជា៖ ចំពោះអ្នករត់នៅរាជធានីភ្នំពេញ អាចមកទទួលនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
ចំពោះអ្នករត់នៅតាមបណ្ដាខេត្ត និងនៅក្រៅប្រទេសវិញ គណៈកម្មការរៀបចំនឹងធ្វើការផ្ញើតាមរយៈ ភ្នាក់ងារដឹកជញ្ជូន ឬតាមប្រៃសណីយ៍កម្ពុជា។ ហេតុនេះ សម្រាប់អ្នករត់នៅក្រៅស្រុក អាចទំនាក់ទំនងអ៊ីម៉ែលរបស់គណៈកម្មការរៀបចំ ដើម្បីទទួលបានមេដាយរបស់ខ្លួន។
បែបនេះក្ដី គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ បានសូមការអភ័យទោសជាថ្មី ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងបណ្ដាលមកពីការដឹកជញ្ជូនពីក្រៅប្រទេស ហើយក៏អរគុណ ចំពោះការយោគយល់ និងចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលគណៈកម្មការបានរៀបចំកន្លងមកផងដែរ។
សូមរំឮកថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានអត្តពលិកជាតិ-អន្ដរជាតិជិត ៦ពាន់នាក់ចូលរួម៕ អត្ថបទ លី ឈុនឡា




