ក្រុមបាល់ទាត់ជម្រើសជាតិន័រវេស ជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Erling Haaland បានបន្តការហ្វឹកហាត់ក្រោមអាកាសធាតុក្តៅ នៅទីលានហ្វឹកហាត់របស់ក្លិប Inter Miami CF ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida កាលពីថ្ងៃ ដើម្បីត្រៀមប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ទល់នឹងអង់គ្លេស។
ន័រវេសបានឈានមកដល់វគ្គនេះដោយទឹកចិត្តមុតមាំ បន្ទាប់ពីបង្កើតការភ្ញាក់ផ្អើលយកឈ្នះប្រេស៊ីល ដែលជាលទ្ធផលធ្វើឱ្យពួកគេឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ប្រធានក្រុម Martin Odegaard បានលើកឡើងថា ក្រុមន័រវេសរីករាយក្នុងតួនាទីជាក្រុមមិនសូវមានគេចាត់ទុកជាបេក្ខភាពប្រជែងជើងឯក ហើយជឿជាក់ថាក្រុមមានសមត្ថភាពប្រកួតប្រជែងជាមួយអង់គ្លេស ដែលមានកីឡាករមួយចំនួនជាមិត្តរួមក្លិប Arsenal របស់ខ្លួនផងដែរ។
Odegaard បន្ថែមថា ក្រុមបានសម្របខ្លួនបានយ៉ាងល្អទៅនឹងអាកាសធាតុក្តៅ បន្ទាប់ពីស្នាក់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយខែមកហើយ។ ទន្ទឹមនឹងនេះ គ្រូបង្វឹក Stale Solbakken ក៏បានបដិសេធព័ត៌មានអំពីបញ្ហាសុខភាពនៅក្នុងក្រុម ដោយអះអាងថា កីឡាករទាំងអស់ស្ថិតក្នុងស្ថានភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។
លោក Solbakken ក៏បានបញ្ជាក់ដែរថា អាកាសធាតុក្តៅនឹងមិនផ្តល់អត្ថប្រយោជន៍ដល់ភាគីណាមួយឡើយ ព្រោះទាំងន័រវេស និងអង់គ្លេសសុទ្ធតែមិនធ្លាប់លេងក្រោមលក្ខខណ្ឌបែបនេះជាប្រចាំដូចគ្នា។
ការប្រកួតរវាងន័រវេស និងអង់គ្លេស នឹងធ្វើឡើងនៅកីឡដ្ឋាន Miami នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ


