លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងក្នុងអំឡុងពេលជួបជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃពុធថា ការវាយប្រហាររបស់អ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នឹងមិនធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរង្គោះរង្គើ ឬបង្កើតការភ័យស្លន់ស្លោជាសាធារណៈឡើយ។

អ៊ុយក្រែនបានបង្កើនការវាយប្រហារចម្ងាយមធ្យម និងចម្ងាយឆ្ងាយទៅលើគោលដៅជ្រៅ នៅក្នុងប្រទេស រុស្ស៊ី ដោយវាយប្រហាររោងចក្រចម្រាញ់ប្រេង បណ្តាញបំពង់បង្ហូរឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយានយន្ត រួមទាំងយានយន្តដែលធ្វើដំណើររវាងដីគោករុស្ស៊ី និងគ្រីម៉េ។ ការវាយប្រហារទាំងនេះ បានរំខានដល់ភស្តុភារ ប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក និងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
លោក ពូទីន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតថា៖«វាច្បាស់ណាស់ថា សត្រូវកំពុងស្វែងរកការបំផ្លាញសេដ្ឋកិច្ចរបស់យើង ប៉ុន្តែលើសពីនេះទៅទៀត គឺបង្កើតបរិយាកាសនៃការថប់បារម្ភនៅក្នុងសង្គម។ យើងយល់ថា គោលដៅនេះ មិនអាចសម្រេចបានទេ»។

លោកបានបន្ថែមថា៖«ប្រព័ន្ធថាមពលរបស់រុស្ស៊ីមានភាពធន់កម្រិតខ្ពស់បំផុតក្នុងពិភពលោក» ដោយជំរុញឲ្យមន្ត្រីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនថាមពល ដើម្បីដោះស្រាយការខ្វះខាតប្រេងឥន្ធនៈក្នុងស្រុកយ៉ាងឆាប់រហ័ស៕