ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នៅថ្ងៃទី៩ ខែកកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ បានថតរូបអនុស្សាវរីយ៍ និងបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេសគឺដំណើរការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញ និងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ តាមរយៈ «នយោបាយឈ្នះ ឈ្នះ» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។
យោធិនអង្គភាពសេនាតេជោ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ព្រមទាំងបានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រវត្តិ និងខ្លឹមសារបុព្វហេតុនៃកសាងវិមានឈ្នះ ឈ្នះ និមិត្តរូបនៃស្ថាបត្យកម្ម និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៃយុទ្ធសាស្ត្រនាំមកនូវសន្តិភាព ដែលបានធ្វើឱ្យកម្ពុជាមានការឯកភាពជាតិ និងទឹកដីទាំងស្រុង៕






