ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឱ្យមេដឹកនាំសម្ព័ន្ធយោធា NATO ដទៃទៀតឲ្យដើរតួនាទីកាន់តែច្រើនក្នុងការការពារអឺរ៉ុប។ បច្ចុប្បន្ន ពួកគេបានបញ្ជាក់ថានឹងទទួលបន្ទុកកាន់តែច្រើន។

បណ្តាមេដឹកនាំ បានជួបប្រជុំគ្នារយៈពេលពីរថ្ងៃសម្រាប់កិច្ចពិភាក្សាដែលបានបញ្ចប់នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី កាលពីថ្ងៃពុធ។
បន្ទាប់ពីកិច្ចប្រជុំ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយថា «កិច្ចប្រជុំកំពូលនេះ បានបង្ហាញថាសម្ព័ន្ធមិត្តនេះរឹងមាំជាងពេលណាៗទាំងអស់។ សម្ព័ន្ធមិត្តនេះរួបរួមគ្នា និងត្រៀមរួចជាស្រេចដើម្បីការពារទឹកដីរបស់យើងគ្រប់អ៊ីញទាំងអស់»។
បណ្តាមេដឹកនាំ បានចេញសេចក្តីប្រកាសមួយដោយនិយាយថា ពួកគេបានឯកភាពគ្នាក្នុងការគាំទ្រអ៊ុយក្រែន។ ក្រុមមេដឹកនាំក៏បានប្រកាសកញ្ចប់ជំនួយយោធាមានតម្លៃ ៧០ ពាន់លានអឺរ៉ូ ឬប្រហែល ៨០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ និងយ៉ាងហោចណាស់ចំនួននោះនៅក្នុងឆ្នាំ ២០២៧។ លោក Trump បានស្វាគមន៍ចំពោះចំណាត់ការនេះ ដោយនិយាយថាមានការឯកភាពយ៉ាងខ្លាំង។ លោកបានអំពាវនាវឱ្យសមាជិកទាំងអស់ពន្លឿនផែនការរបស់ខ្លួនដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
