ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកស្រីនឹងមានចំណាត់ការផ្លូវច្បាប់បន្ទាប់ពីការស្លាប់ពលរដ្ឋម៉ិកស៊ិកម្នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារមកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) សហរដ្ឋអាមេរិក នៅទីក្រុង Houston។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីនៅវិមានជាតិ លោកស្រី Sheinbaum បានបង្ហាញកំហឹងចំពោះការប្រព្រឹត្តដ៏អាក្រក់លើជនអន្តោប្រវេសន៍ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ។
លោកស្រីនិយាយថា «គោលដៅរបស់យើងគឺទៅហួសពីសេចក្តីប្រកាសផ្នែកការទូត និងអ្វីដែលយើងបានលើកឡើងនៅចំពោះមុខគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស ព្រោះយើងមិនអាចអនុញ្ញាតឱ្យមានការប្រព្រឹត្តអាក្រក់ចំពោះបងប្អូនប្រុសស្រីរបស់យើងដែលនៅសហរដ្ឋអាមេរិក ជាជនជាតិរួមជាតិរបស់យើងបានទេ ដូច្នេះយើងកំពុងពិចារណាលើវិធានការផ្សេងៗ»។
លោកស្រី Sheinbaum និយាយថា ជនរងគ្រោះជាពលរដ្ឋម៉ិកស៊ិក ត្រូវបានភ្នាក់ងារសហព័ន្ធស្ទាក់ចាប់ ខណៈកំពុងធ្វើដំណើរទៅធ្វើការ។ លោកស្រី និយាយថា «បទល្មើស» តែមួយគត់របស់ជនរងគ្រោះគឺ «គ្មានឯកសារ»។
