អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃពុធថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភចំពោះការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មីនៅឈូងសមុទ្រ និងបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ លោក Stephane Dujarric អ្នកនាំពាក្យបានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «ឧបទ្ទវហេតុ ដែលយើងបានមើលឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហានិភ័យនឹងរារាំងដល់វឌ្ឍនភាពផ្នែកការទូតដែលឈានដល់រវាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក»។

លោកបាននិយាយថា «ការវិលត្រឡប់ទៅរកអរិភាពទ្រង់ទ្រាយធំនឹងមានផលវិបាកដ៏មហន្តរាយ សម្រាប់ប្រជាជននៅក្នុងតំបន់ សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ និងសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល»។ លោកអគ្គលេខាធិការ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានភាពអត់ធ្មត់ខ្ពស់ ជៀសវាងសកម្មភាពរីកធំបន្ថែមទៀត និងមានចំណាត់ការជាបន្ទាន់ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ប្រមុខអង្គការសហប្រជាជាតិបានរំលឹកបន្ថែមទៀតអំពីកាតព្វកិច្ចនៃគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តតាមច្បាប់អន្តរជាតិឲ្យបានពេញលេញ។
លោក Guterres បានជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបន្តការចរចាឡើងវិញជាបន្ទាន់ និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមរយៈផ្នែកការទូត។
