ថ្ងៃនេះ ក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធនៃក្រសួងក្រសួងមុខងារសាធារណៈ ដោយឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី បានបន្តចុះជំរឿនមន្ត្រីជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជបណ្ឌិតសភាកម្ពុជា និងអាជ្ញាធរមីន។
ក្នុងដំណើរការជំរឿននាពេលនេះ គណៈកម្មការជំរឿន បានធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅរាជបណ្ឌិតសភាកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, ក្រុមប្រឹក្សាមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
គណៈកម្មការជំរឿនមន្ត្រី ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីតាំងដោយផ្ទាល់បែបនេះ គឺដើម្បីធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ ព្រមទាំងដើម្បីឱ្យដំណើរការនៃការចុះជំរឿនមន្ត្រីជាក់ស្តែង ប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា។
សូមជម្រាបថា ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី១៣ ដែលគណៈកម្មការជំរឿនមន្ត្រី បាន និងកំពុងដំណើរការជំរឿនមន្ត្រីជាក់ស្តែង នៅតាមទីតាំងផ្សេងៗ ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។ ការជំរឿនមន្ត្រីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ រហូតដល់ទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយបានកំណត់កាលបរិច្ឆេទ និងទីតាំងរួមមាន៖ (១)ថ្ងៃទី៦ ដល់ទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅអគាមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី និង (២)ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅរាជបណ្ឌិតសភាកម្ពុជា និងអាជ្ញាធរមីន។








