សមាជិករបស់អង្គការណាតូ (NATO) បានសន្យាផ្តល់ជំនួយយោធាចំនួន ៧០ពាន់លានអឺរ៉ូ (ប្រមាណ ៨០ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ និង «យ៉ាងហោចណាស់កម្រិតសមមូល» ក្នុងឆ្នាំ២០២៧ ដោយបានអះអាងពីការបន្តការគាំទ្រ ខណៈដែលសង្គ្រាមរបស់រុស្ស៊ី បង្ហាញសញ្ញាថមថយតិចតួច។
សម្ព័ន្ធមិត្តយោធានេះ បានធ្វើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័ត នៅឯកិច្ចប្រជុំកំពូល នៅទីក្រុង Ankara របស់ទួរគី ជាកន្លែងដែលមេដឹកនាំមកពីប្រទេសចំនួន ៣២ របស់អង្គការណាតូ បានជួបជុំគ្នា។
បើទោះបីទឹកប្រាក់នេះមិនរាប់បញ្ចូលការចូលរួមវិភាគទានថ្មីណាមួយក៏ដោយ ក៏វាតំណាងឱ្យការសន្យាប្រចាំឆ្នាំពីមុនចំនួន ៤០ពាន់លានអឺរ៉ូរបស់អង្គការណាតូ បូករួមទាំងប្រាក់កម្ចី ៣០ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីសហភាពអឺរ៉ុប (EU) ដោយនេះគឺជាការផ្លាស់ប្តូរពីកិច្ចប្រជុំកំពូលឆ្នាំ២០២៥ ដែលនៅពេលនោះមេដឹកនាំមិនបាននិយាយអំពីជំនួយហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែនឡើយ។
ចាប់តាំងពីពេលនោះមក ជំហររបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងគីវ បានវិវត្តប្រសើរឡើង នៅពេលដែលការចរចាសន្តិភាពជាមួយរុស្ស៊ីជាប់គាំង។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ការសរសើរដោយសម្ងាត់ ចំពោះមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និងបានយល់ស្របតាមការសន្យារបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង ៧ (G7) ក្នុងការគាំទ្រទីក្រុងគីវ និងដាក់សម្ពាធលើទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ប្រទេសអ៊ុយក្រែនរួមចំណែកដល់សន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក ហើយសម្ព័ន្ធមិត្តនានា រួបរួមគ្នាផ្ដល់គាំទ្រឥតងាករេ ចំពោះអ៊ុយក្រែន ក្នុងការការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ សម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា ឥឡូវនេះផ្តល់ហិរញ្ញប្បទានភាគច្រើននៃជំនួយសន្តិសុខដល់អ៊ុយក្រែនតាមរយៈមធ្យោបាយទ្វេភាគី និងពហុភាគី»៕


