ប្រទេសរុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់អង្គការណាតូ (NATO) នៅឯកិច្ចប្រជុំកំពូល ក្នុងប្រទេសទួរគី កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) ដោយបញ្ជាក់ថា ពួកគេអាចមាននូវផលវិបាកដ៏មហន្តរាយ បន្ទាប់ពីសម្ព័ន្ធមិត្ត បានប្រកាសពីជំនួយយោធាដល់អ៊ុយក្រែន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិក ចំពោះវិស័យការពារជាតិរួម។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អាទិភាពរបស់អង្គការណាតូ នៅតែមិនផ្លាស់ប្តូរ នោះគឺថា «ការធ្វើយោធូបនីយកម្មរបស់ទ្វីបអឺរ៉ុប ការផ្តោតលើការកសាងសមត្ថភាពវិស័យការពារជាតិ ការរៀបចំត្រៀមសម្រាប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសរុស្ស៊ី និងជាការពិតណាស់ ការផ្ដល់ជំនួយដល់អ៊ុយក្រែន»។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានលើកឡើងថា៖ «វាគឺជារឿងគួរឱ្យសោកស្ដាយណាស់ ពីព្រោះប្រសិនបើអ្នកយុទ្ធសាស្ត្ររបស់អង្គការណាតូ បានឈប់ ហើយគិតមួយភ្លែត ពួកគេប្រហែលជាមិនបានធ្វើការសម្រេចចិត្តមិនទទួលខុសត្រូវបែបនេះឡើយ ដែលអាចនាំឱ្យមានគ្រោះមហន្តរាយ មិនត្រឹមតែសម្រាប់សម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»។
គួរបញ្ជាក់ថា សមាជិករបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូល បានសន្យាផ្តល់ជំនួយយោធាចំនួន ៧០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦។ ប្រទេសទាំងនោះបានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តដ៏រឹងមាំដូចដែក» ចំពោះការការពាររួម ក្រោមកតិកាសញ្ញាមាត្រា៥ របស់សម្ព័ន្ធមិត្ត នៅក្នុងសេចក្តីប្រកាសកិច្ចប្រជុំកំពូល និងបានបង្ហាញកិច្ចព្រមព្រៀងអាវុធតម្លៃយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ៕

