យោងតាមអាជ្ញាធរមូលដ្ឋាននៅថ្ងៃព្រហស្បតិ៍ ៩កក្កដានេះ មនុស្សចំនួន ៣៩ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏គំហុកនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang រួមទាំងគ្រោះមហន្តរាយបាក់ទំនប់អាងស្តុកទឹកនៅទីក្រុង Nanning។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះមហន្តរាយនៅទីក្រុងណាននីង លោក Ding Wei អភិបាលរងក្រុងណាននីង បាននិយាយថា តួលេខអាចជាន់គ្នា ដោយសារអត្តសញ្ញាណរបស់សាកសពមួយចំនួនដែលបានរកឃើញមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ចំនួននេះត្រូវគេរំពឹងថានឹងប្រែប្រួល ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយករណីបន្ថែមត្រូវបានផ្ទៀងផ្ទាត់។
ក្រុមអាជ្ញាធរបាននិយាយថា ពួកគេបានផ្គូផ្គងសាកសពដែលបានរកឃើញជាមួយនឹងកំណត់ត្រាផ្ទាល់ខ្លួនម្តងមួយៗ ខណៈការធ្វើតេស្ត DNA កំពុងត្រូវបានពន្លឿនសម្រាប់ជនរងគ្រោះដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់។
សម្រាប់អ្នកដែលត្រូវបានរាយការណ៍ថាបាត់ខ្លួន លោកបាននិយាយថា ពួកគេបានផ្ទៀងផ្ទាត់ព័ត៌មាន រួមទាំងឈ្មោះ អាយុ និងពេលវេលា និងទីតាំងនៃការបាត់ខ្លួន ជាមួយសមាជិកគ្រួសារ និងមនុស្សពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ តំបន់ស្វែងរកនានាត្រូវបានពង្រីក ហើយក្រុមជួយសង្គ្រោះនៅតែចូលរួមក្នុងការស្វែងរកយ៉ាងយកចិត្តទុកដាក់៕


