យោងតាមតួលេខដែលចេញផ្សាយដោយប្រធានរដ្ឋសភា លោក Jorge Rodriguez កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ២លើកជាប់គ្នា នៅប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់យ៉ាងតិច ៣.៨១១នាក់។
ហើយចំនួនអ្នករងរបួស ក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៤ ខែមិថុនា គឺ ១៦.៧៤០នាក់ ខណៈអ្នកគ្មានផ្ទះសម្បែងជ្រកកោន មានចំនួន ១៧.៩០៧នាក់។
ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានអំពាវនាវជាថ្មីឱ្យមានការលើកលែងទណ្ឌកម្មអន្តរជាតិ លើវ៉េណេស៊ុយអេឡា ដើម្បីជួយស្តារឡើងវិញពីគ្រោះមហន្តរាយរញ្ជួយដីនេះ ដោយបញ្ជាក់ថា ប្រទេសមានទ្រព្យសម្បត្តិនៅបរទេសគ្រប់គ្រាន់ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការកសាងឡើងវិញ ប្រសិនបើមានការព្រមព្រៀងបញ្ចេញគណនីដែលត្រូវបានផ្អឹបទុក។

លោកស្រីប្រធានាធិបតីបាននិយាយតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ VTV ថា «ប្រទេសវ៉េណេស៊ុយអេឡាមានធនធានដែលត្រូវបានផ្អឹបទុក នៅជុំវិញពិភពលោក ជាទ្រព្យសម្បត្តិដែលអាចដោះស្រាយដំណើរការនៃការកសាងឡើងវិញនេះ» ដោយលោកស្រីបានបន្ថែមថា មូលនិធិក៏ត្រូវការផងដែរ សម្រាប់កម្មវិធីការងារ និងការអប់រំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាបន្តបន្ទាប់ លើវេណេស៊ុយអេឡា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ជុំវិញការចោទប្រកាន់ ដែលថា រដ្ឋាភិបាលបានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងថា ប្រទេសនេះជាទីកន្លែងសុវត្ថិភាព សម្រាប់ការជួញដូរគ្រឿងញៀន៕


