កាលពីថ្ងៃពុធ (ទី៨ ខែកក្កដា ឆ្នាំ២០២៦) សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ជាការកំណត់អាយុកាលរាប់ទសវត្សរ៍ដែលបានរារាំងយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគ ដោយនេះគឺវិធានការផ្ដល់ទំនុកចិត្តថ្មី ចំពោះមេដឹកនាំ លោក Ahmed al-Sharaa។
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជូនដំណឹងជាផ្លូវការដល់សភា អំពីចំណាត់ការដែលគ្រប់គ្នារំពឹងទុកជាយូរមកហើយ ដោយវានឹងមានប្រសិទ្ធភាពក្នុងរយៈពេល ៤៥ថ្ងៃ ប្រសិនបើសមាជិកមិនមានវិធានការរារាំងនោះ។

ចំណាត់ការនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី Donald Trump បានជួបប្រជុំ នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅប្រទេសទួរគី ជាមួយលោក Sharaa ជាអតីតសកម្មប្រយុទ្ធមួយរូបដែលបានប្រឹងប្រែងបង្ហាញខ្លួនលោកថា ជាឥស្សរជនបង្រួបបង្រួម បន្ទាប់ពីបានផ្តួលរំលំរបបរបស់ត្រកូល Assad ក្នុងឆ្នាំ២០២៤ ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលកន្លះសតវត្សរ៍។
លោក Rubio បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាជំហានប្រវត្តិសាស្ត្រមួយទៀតរបស់លោកប្រធានាធិបតី Trump ដើម្បីផ្តល់ឱកាសឱ្យប្រជាជនស៊ីរីទទួលបានភាពអស្ចារ្យ»។ លោកបានបន្ថែមថា៖ «ការដកទណ្ឌកម្មពីស៊ីរី នឹងបើកផ្លូវដល់ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ផ្តល់ឱកាសឱ្យស៊ីរីកសាងឡើងវិញ និងបើកជំពូកថ្មី សម្រាប់ប្រជាជនស៊ីរី»៕
