អនុប្រធានទីភ្នាក់ងារនេះ លោក Pavel Shevtsov បាននិយាយថា ចំណាប់អារម្មណ៍លើការអប់រំរបស់ រុស្ស៊ីក្នុងចំណោមជនបរទេស កំពុងកើនឡើង ដោយមានអ្នកចុះឈ្មោះជាង ១៦០.000នាក់ ត្រូវបានកត់ត្រា នៅក្នុងប្រព័ន្ធទីភ្នាក់ងារសហព័ន្ធសម្រាប់កិច្ចការរដ្ឋឯករាជ្យ ជនរួមជាតិរស់នៅបរទេស និងកិច្ចសហប្រតិបត្តិការមនុស្សធម៌អន្តរជាតិ (Rossotrudnichestvo) ក្នុងឆ្នាំ ២០២៦។
លោកបានថ្លែងក្នុងអំឡុងពេលពិភាក្សាអំពីតួនាទីរបស់រុស្ស៊ីក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិ ដែលធ្វើឡើងដោយក្លិបពិភាក្សា Valdaiថា៖«យើងឃើញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើការអប់រំរបស់រុស្ស៊ី ហើយយុទ្ធនាការកូតារបស់យើងបញ្ជាក់ពីរឿងនេះ។ កាលពីឆ្នាំមុន មានអ្នកសិក្សាប្រហែល ១៤៤.000នាក់ បានចុះឈ្មោះនៅក្នុងប្រព័ន្ធអប់រំនៅរុស្ស៊ីរបស់ទីភ្នាក់ងារសហព័ន្ធនេះ។ នៅឆ្នាំនេះ ចំនួននេះ បានលើសពី ១៦០.000នាក់ រួចហើយ។ ពាក្យសុំសរុបចំនួន ៨៩.000ច្បាប់ ត្រូវបានដាក់ជូននៅឆ្នាំនេះ។ ជាមធ្យម នោះមានន័យថា មានបេក្ខជនបីនាក់ ក្នុងមួយកន្លែង»។
លោក Shevtsov បាននិយាយថា តួលេខនេះប្រៀបធៀបបានល្អជាមួយនឹងស្តង់ដាសកល ប៉ុន្តែបានកត់សម្គាល់ថា បញ្ហាប្រឈមផ្នែកភស្តុភារ កំពុងប៉ះពាល់ដល់ការចុះឈ្មោះ។ លោកបានលើកឡើងថា៖ «ឥឡូវនេះមានបញ្ហានៅជុំវិញច្រកសមុទ្រហ័រមូសដែលជំរុញឲ្យចំណាយលើមធ្យោបាយដឹកជញ្ជូនកើនឡើងដោយស្វ័យប្រវត្តិ»។ លោកក៏បានចង្អុលបង្ហាញពីការលំបាកក្នុងការបង្កើតផ្លូវដឹកជញ្ជូនជាមួយអាស៊ីអាគ្នេយ៍ ក៏ដូចជាអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕

