រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយថា ទីក្រុងមូស្គូ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសម្ព័ន្ធមិត្ត Sahel (AES)ដើម្បីគាំទ្រកិច្ចខិតខំធ្វើសមាហរណកម្ម និងអាទិភាពសន្តិសុខរបស់ប្លុកអាហ្វិ្រកមួយនេះ ។
លោក Lavrov បានធ្វើដំណើរទៅដល់ប្រទេសនីហ៊្សេ អំឡុងទស្សនកិច្ចផ្លូវរដ្ឋដែលមានគោលបំណងពង្រឹងភាពជាដៃគូសន្តិសុខ និងការពារជាតិជាមួយបណ្តាប្រទេស AES ដែលរួមមាននីហ៊្សេ ម៉ាលី និងប៊ូគីណាហ្វាសូ ។
ដំណើរទស្សនកិច្ចនេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំកំពុងបន្តរបស់ទីក្រុងមូស្គូ ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួននៅតំបន់ Sahel ដែលកំពុងប្រឈមនឹងបញ្ហាលំបាកសន្តិសុខកើនឡើង ។
បណ្តាប្រទេស AES កំពុងព្យាយាមធ្វើពិពិធកម្មភាពជាដៃគូសន្តិសុខរបស់ពួកគេ បន្ទាប់ពីការធ្លាក់ចុះកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសមហាអំណាចលោកខាងលិចមួយចំនួន ។
ពួកគេផ្តោតសំខាន់ផងដែរ លើការបង្កើតសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់ជាមួយក្រុមប្រដាប់អាវុធដែលប្រតិបត្តិការនៅតំបន់នោះ ៕

