មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រលំអគារនៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ស្របពេលភ្លៀងមូសុងវស្សាបង្កឲ្យកើតមានបំណាក់ដី និងធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរនៅទូទាំងប្រទេសមួយនេះ ។
ការិយាល័យអាកាសធាតុឥណ្ឌា បានចេញប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅតាមតំបន់ជាច្រើននៅក្នុងរដ្ឋធានីដែលី ហើយនិងរដ្ឋជិតខាង Haryana ដោយពួកគេព្យាករពីភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ។
ដើមឈើត្រូវបានរំលើងគល់ ផ្លូវត្រូវបានបិទ ហើយនិងបង្កើនហានិភ័យ ធ្វើឲ្យឧបទ្ទេវហេតុកើតឡើង ។
នៅក្នុងរដ្ឋភាគខាងត្បូង Kerala ចំនួនមនុស្សស្លាប់សរុបដោយសារបំណាក់ដីនៅទីក្រុង Wayanad កើនឡើងដល់ ៥នាក់ ។
នៅទីក្រុង Pune ស្ថិតក្នុងរដ្ឋ Maharashtra បរិមាណសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ បានបាក់សង្កត់លើស្ថានីយប្រព្រឹត្តកម្មកាកសំណល់រាវ ក្នុងនោះមនុស្ស ៧នាក់ ត្រូវបានគេសង្ស័យថា ជាប់ខ្លួន ។
ដោយឡែក នៅរដ្ឋភាគខាងជើង Uttar Pradesh ផ្លូវថ្នល់បន្តរងការជន់លិច ក្នុងនោះអ្នកស្រុកនាំគ្នាដើរលុកទឹកត្រឹមជង្គង់ ៕

