ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថា «ការចោទប្រកាន់គ្មានមូលដ្ឋាន» បន្ទាប់ពីតុលាការទីក្រុងឡុងដ៍មួយបានកាត់ទោសមនុស្សពីរនាក់ពីបទវាយប្រហារដោយកាំបិត ដែលខ្លួននិយាយថា ត្រូវបានអនុវត្តតាមការបញ្ជារបស់អ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា៖«បន្ទាប់ពីការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានដដែលៗដោយមន្ត្រីអង់គ្លេសប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះប្រចាំទីក្រុងតេអេរ៉ង់ ត្រូវបានកោះហៅទៅកាន់ក្រសួង ហើយការតវ៉ារបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រឆាំងនឹងវិធីសាស្រ្តមិនសមរម្យរបស់រដ្ឋាភិបាលអង់គ្លេសចំពោះប្រទេសអ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅកាន់លោក»។
ជនជាតិរ៉ូម៉ានីពីរនាក់ ដែលត្រូវបានកាត់ទោសពីបទវាយប្រហារដោយកាំបិតក្នុងឆ្នាំ ២០២៤ ទៅលើអ្នកកាសែតអ៊ីរ៉ង់ម្នាក់នៅខាងក្រៅផ្ទះរបស់ខ្លួន នៅទីក្រុងឡុងដ៍ ក្នុងនាមអ៊ីរ៉ង់ ត្រូវបានកាត់ទោសកាលពីសប្តាហ៍មុនឲ្យជាប់ពន្ធនាគារ ១២ ឆ្នាំ និង ៨ឆ្នាំ រៀងៗខ្លួន៕
