ស្នូកឃ័រ៖ ជើងឯកពិភពលោក ៦សម័យ Ronnie O’Sullivan បាននាំមុខការប្រកួត ១២-៥ហ្វ្រេមទៅលើ Judd Trump ក្រោយបញ្ចប់ដំណាក់កាលទី២ ថ្ងៃទី១ នៃវគ្គផ្តាច់ព្រ័ត្រស្នូកឃ័រជើងឯកពិភពលោក។

ដំណាក់កាលទី១ ក្នុងថ្ងៃទី១ នោះ Ronnie O’Sullivan បានប៉ះពាក្យសំដីជាមួយអាជ្ញាកណ្តាលលោក Olivier Marteel ខណៈ O’Sullivan ក៏ទទួលបានការព្រមានផងដែរ។ ការប៉ះទង្គិចនោះស្ថិតក្នុងហ្វ្រេមចុងក្រោយនៃដំណាក់កាលដំបូងដែល Judd Trump យកឈ្នះតែ O’Sullivan នាំមុខ ៥-៣ហ្វ្រេម។ ឈានដល់ដំណាក់កាលទី២ ថ្ងៃដដែល Judd Trump ធ្វើមិនបានល្អឡើយ និងភ្លាត់ស្នៀតច្រើនលើក ខណៈ O’Sullivan ក្តោបឱកាសបានដើម្បីនាំមុខ ១២-៥ហ្វ្រេមត្រឹមពាក់កណ្តាលផ្លូវ។ វគ្គផ្តាច់ព្រ័ត្រតម្រូវឱ្យកីឡាករទាំងពីរប្រកួតដល់ ៣៥ហ្វ្រេម ខណៈការប្រកួតនឹងបញ្ចប់ថ្ងៃចន្ទនេះចាប់ផ្តើមពីម៉ោង ១រសៀលតទៅម៉ោងនៅចក្រភពអង់គ្លេសត្រូវនឹងម៉ោង ៨យប់នៅកម្ពុជា៕
អត្ថបទ៖នាង សុភាវុធ