ទីក្រុងប៉េកាំងបានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះថា នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ កើតមានឡើងតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន។
លោកស្រី Mao បាននិយាយថា លោក Pak នឹងដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ហើយនិងចូលរួមព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមក រវាងប្រទេសចិន និងកូរ៉េខាងជើង។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១។
ដំណើររបស់លោក Pak នេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកូរ៉េខាងជើង កាលពីខែមុន។
ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មច្រើនបំផុត នៅលើពិភពលោក ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

