នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងប្រទេសរបស់លោកជាមួយអូស្រ្តាលី តំណាងឲ្យឱកាសជាប្រវតិ្តសាស្រ្ត សម្រាប់ឲ្យប្រទេសទាំង ២ សហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ និងកកើតឡើងវិញ វិ័ស័យរ៉ែសំខាន់ និងអ៊ីដ្រូសែនបៃតង ។
លោកថ្លែងបែបនេះ នៅក្នុងព្រឹត្តការណ៍ធុរកិច្ចផែនទីផ្លូវសេដ្ឋកិច្ចអូស្រ្តាលី-ឥណ្ឌា ក្រោយធ្វើដំណើរទៅដល់ទីក្រុង Melbourne កាលពីយប់ថ្ងៃពុធ ។
ដំណើរទស្សនកិច្ចនេះ បានកើតមានឡើង ស្របពេលប្រទេសទាំង ២ ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្នុងនោះឥណ្ឌាចង់បានទុនបម្រុងអ៊ុយរ៉ានីញ៉ូមរបស់អូស្រ្តាលី ដើម្បីជួយសម្រេចគោលដៅសមត្ថភាពថាមពលនុយក្លេអ៊ែរកម្លាំង ១០០ជីហ្គាវ៉ាត់ នៅឆ្នាំ ២០៤៧ ហើយអូស្រ្តាលី សំឡឹងមើលការធ្វើពិពិធកម្មពាណិជ្ជកម្ម លើសពីការពឹងផ្អែកលើចិន ដែលជាដៃគូសំខាន់របស់ខ្លួន ។
លោក Modi និយាយថា ពួកយើងមានឱកាសជាប្រវត្តិសាស្រ្ត ដើម្បីសហប្រតិបត្តិការលើវិស័យមួយនេះ ហើយលោកបានជំរុញផងដែរឲ្យសហគមន៍ធុរកិច្ចអូស្រ្តាលី វិនិយោគរយៈពេលវែងលើគម្រោងផ្លូវថ្នល់ កំពង់ផែ ផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៅប្រទេសឥណ្ឌា ។
កាសែត Australian Financial Review រាយការណ៍កាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងលើការនាំចេញសារធាតុអ៊ុយរ៉ានីញ៉ូម ទៅកាន់ប្រទេសឥណ្ឌា អាចនឹងត្រូវបញ្ចប់ ។
បើទោះបីជាប្រទេសទាំង ២ ឈានដល់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ កាលពីឆ្នាំ ២០១៤ យ៉ាងណាក្តី ការនាំចេញសារធាតុអ៊ុយរ៉ានីញ៉ូម នៅមានដែនកំណត់នៅឡើយ ដោយសារក្តីបារម្ភចំពោះការធានាប្រេងឥន្ធនៈនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់ម្យ៉ាងគត់សម្រាប់គោលបំណងសន្តិភាព ដូចជាការបង្កើតថាមពល ៕

