នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានបដិសេធថា ជាការលើកឡើង «គ្មានមូលដ្ឋាន» និង «មិនសមហេតុផល» ដោយបញ្ញវន្តចិន ដែលថា ខេត្តកោះភាគខាងជើងបំផុតរបស់ខ្លួន ជាកម្មសិទ្ធិរបស់ទីក្រុងប៉េកាំង ដោយចាត់ទុកអះអាងនេះថា ជារឿងគួរឱ្យបារម្ភ និងស័ក្តិសមឱ្យមានការជំទាស់តវ៉ា។
គេហទំព័រសារព័ត៌មានរដ្ឋចិន GDDoday បានរាយការណ៍កាលពីថ្ងៃទី២ ខែកក្កដាថា បញ្ញវន្តមកពីស្ថាប័នសិក្សានានា ក្នុងនោះរួមទាំងសាកលវិទ្យាល័យ Nanjing University ផងដែរ បានលើកឡើងនៅក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី៣០ ខែមិថុនាថា ខេត្ត Batanes គឺជាផ្នែកលាតសន្ធឹងដោយធម្មជាតិរបស់កោះតៃវ៉ាន់ ហើយដូច្នេះ ជាកម្មសិទ្ធិរបស់ប្រទេសចិន។ ទីក្រុងប៉េកាំងមិនទាន់បានគាំទ្រជំហរនោះជាផ្លូវការនៅឡើយទេ។
ការអះអាងទាំងនេះអាចបន្ថែមវិមាត្រថ្មីមួយដល់ភាពតានតឹងជាយូរមកហើយ រវាងទីក្រុងម៉ានីល និងប៉េកាំង ដែលកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះជាច្រើន ទាក់ទងនឹងកោះ និងតំបន់ភូមិសាស្ត្រជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilberto Teodoro បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំយល់ឃើញថា ជាថ្មីម្ដងទៀត នេះគឺប្រហែលជាសញ្ញានៃចេតនាដែលបានគិតទុកជាមុន។ វាមិនមែនជារឿងមិនអាចទៅរួចនោះទេ ក្នុងការគិតថា នេះជាផ្នែកមួយនៃផែនការរបស់ពួកគេរួចហើយ។ ហើយវាក៏បញ្ជាក់ពីអ្វីដែលយើងបាននិយាយថា ពួកគេមានផែនការគ្រប់គ្រងមហាសមុទ្រប៉ាស៊ីហ្វិកទាំងមូល»។
លោកបានបន្ថែមថា៖ «ហើយយើងដឹងថា ការលើកឡើងនេះគឺគ្មានមូលដ្ឋាន។ នេះជារឿងមិនសមហេតុផលឡើយ។ ដូច្នេះ នេះគឺជារឿងគួរឲ្យបារម្ភ ហើយវាជាអ្វីដែលត្រូវតែជំទាស់តវ៉ា»។
ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការកត់សម្គាល់របស់លោក Teodoro៕

